មនុស្សស្រីសម័យទំនើប បើធ្វើបាន ១០ចំណុចនេះ គ្មានអ្នកណាហ៊ានមើលងាយឡើយ

នារី​ឆ្លាត​វៃ​ដឹង​ពី​អ្វី​ដែល​ត្រូវ​ធ្វើ និង​មិន​គួរ​ធ្វើ​ មិន​ថា​ចំពោះ​អ្នក​ដទៃ ខ្លួន​ឯង ឬ​ក្រុម​គ្រួសារ​ដើម្បី​ទាមទារ​ការ​ចាប់អារម្មណ៍ និង​ឱ្យ​តម្លៃ​ពី​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន​។

ដើម្បី​ក្លាយ​ជា​នារី​វៃ​ឆ្លាត នាង​ត្រូវ​ចេះ​រៀប​ចំ​ខ្លួន​តាំង​ពី​ខ្លួន​នៅ​លីវ រហូត​ដល់​មាន​ស្វាមី​។ ១០ចំណុច​ខាង​ក្រោម​នេះ អាច​ជួយ​ឱ្យ​នារី​ក្លាយ​ជា​វត្ថុ​មាន​តម្លៃ​មួយ និង​មិន​មាន​អ្នក​ណា​ហ៊ាន​មើល​ស្រាល​ឡើយ។

១- ស្រី​ស្អាត​ចូល​ចិត្ត​ជជែក​គ្នា​ពី​រឿង​ហ្វេសិន​ ដេញ​ទាន់​សម័យ តែ​នារី​ដែល​ឆ្លាត​វៃ​ចូល​ចិត្ត​ជជែក​ពី​រឿង​ជីវិត​។ គេ​អាច​មើល​ភាព​ខុស​គ្នា​រវាង​នារី​ទាំង​ពីរ​ ថា​អ្នក​ណា​ដែល​តែង​ចំណាយ​ពេល​លើ​ការ​ទិញ​របស់​របរ​ក្រៅ​ខ្លួន តុប​តែង​លម្អ​កាយ និង​អ្នក​ដែល​​ចង់​ដេញ​តាម​ចំណេះដឹង​ ពង្រឹង​សមត្ថភាព​ខ្លួន​ឯង​។

២- ពេល​ឮ​អ្នក​ណា​រិះគន់​អ្នក គួរ​មើល​សិន​ថា​តើ​វា​ពិត​ឬ​ក៏​អត់​។ បើ​វា​ជា​ការពិត​មែន អ្នក​នឹង​ដឹង​ថា​គួរ​កែ​លម្អ​ខ្លួន​ដោយ​វិធី​ណា តែ​បើ​វា​មិន​ពិត​ទេ កុំ​ទៅ​រវល់​ឈ្លោះ​នាំ​បន្ទាប​តម្លៃ​យើង​ធ្វើ​អី បណ្ដោយ​តាម​តែ​គេ​ចុះ ហើយ​បន្ត​ធ្វើ​តែ​អ្វី​ដែល​ត្រឹម​ត្រូវ នោះ​មនុស្ស​គ្រប់​គ្នា​នឹង​ដឹង​ថា​អ្នក​ណា​ខុស​អ្នក​ណា​ត្រូវ​។

៣- វិធី​ដ៏​ល្អ​បំផុត​សម្រាប់​ជីវិត​នេះ គឺ​ពង្រឹង​សមត្ថភាព​ខ្លួន​ឯង និង​ប្រឹង​ប្រែង​រក​លុយ កុំ​​យក​ខ្លួន​ទៅ​ប្រៀប​ធៀប​នឹង​អ្នក​ដទៃ ព្រោះ​គ្មាន​អ្នក​ណា​កើត​មក​ឥត​ខ្ចោះ​នោះ​ទេ។

៤-​ នារី​ដែល​ឆ្លាត​មិន​ដែល​កំណាញ់​នឹង​ខ្លួន​ឯង​ឡើយ។ នាង​ហ៊ាន​ចំណាយ​លើ​អ្វី​ដែល​ខ្លួន​ស្រឡាញ់ តែ​ក៏​ស្ពាយ​ការ​គិត​ទៅ​ជាមួយ​ដែរ​​ ដោយ​មិន​ចំណាយ​លើ​អ្វី​ដែល​គ្មាន​ប្រយោជន៍ ឬ​មិន​ស័ក្ដិសម​ឡើយ។ ធ្វើ​ការ​កាន់​តែ​ខ្លាំង នាង​ក៏​ចេះ​ផ្ដល់​កាដូ​ដល់​ខ្លួន​ឯង​ទៅ​តាម​នោះ​ដែរ។ ​

៥- អ្នក​អាច​នឹង​ឈឺចាប់​​ ពេល​ស្រឡាញ់​អ្នក​ណា​ម្នាក់​ខ្លាំង តែ​ត្រូវ​ដឹង​ថា បើ​ដាក់​ចិត្ត​ស្រឡាញ់​នរណា​ហើយ គឺ​អ្នក​កំពុង​ផ្ដល់​សិទ្ធិ​ដល់​គេ​ក្នុង​ការ​ធ្វើ​ឱ្យ​យើង​ឈឺចាប់​។ ដូច្នេះ​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ គឺ​ចេះ​ផ្ដល់​ការ​ស្រឡាញ់​ដល់​ខ្លួន ជា​ជាង​ស្រឡាញ់​គេ​១០០% និង​ចេះ​សម្រេច​ចិត្ត​ថា គួរ​បន្ត​ឬ​បញ្ឈប់​សម្រាប់​ស្នេហា​នេះ​។

៦- ចូរ​គិត​ជាមុន​សិន​ រាល់​មុន​ពេល​និយាយ​អ្វី​មួយ។ កុំ​ឱ្យ​អារម្មណ៍​ទាំង​ឡាយ​មក​គ្រប​ដណ្ដប់​​លើ​ខ្លួន​អ្នក​បាន កុំនិយាយ​អ្វី​តាម​តែ​អារម្មណ៍​បញ្ជា​មួយ​ឆាវ ព្រោះ​កាល​ណា​និយាយ​ហើយ អ្នក​នឹង​មិន​អាច​កែ​ប្រែ​វិញ​បាន​ទេ គឺ​បាន​ត្រឹម​តែ​សោក​ស្ដាយ​មួយ​មុខ​គត់។

៧- នារី​ពូកែ​ត្រូវ​តែ​ចេះ​ធ្វើ​ម្ហូប។ មិន​មែន​ដើម្បី​បម្រើអ្នក​ណា​ទេ តែ​ដើម្បី​ធ្វើ​ម្ហូប​ឆ្ញាញ់​ៗ​សម្រាប់​ខ្លួន​ឯង ហើយ​ក៏​ជា​​អ្វី​ដែល​គ្រួសារ​សាច់​ថ្លៃ​ចង់​បាន​ពី​កូន​ប្រសា​ដូចគ្នា។

៨- រឿង​៣​យ៉ាង​ដែល​មនុស្សស្រី​ត្រូវ​ធ្វើ​ឱ្យ​បាន​ក្នុង​ជីវិត គឺ​ រៀន​សូត្រ រក្សា​សម្រស់​ឱ្យ​បាន​ស្រស់​ស្អាត និង​រក​លុយ​ឱ្យ​បាន​ច្រើន​មុន​ខ្លួនចាស់​​។

៩- ត្រូវ​ចាំ​ថា ផ្ទះ​ ឡាន គ្រឿង​តុប​តែង​ខ្លួន សម្លៀក​បំពាក់​ថ្លៃៗ​នឹង​ធ្វើ​ឱ្យមនុស្ស​សរសើរ​និង​សាទរ​អ្នក​។ ប៉ុន្តែ​ការពិត អ្វី​ដែល​មនុស្ស​ចេះ​ដឹង​វាយ​តម្លៃ​អ្នក​គឺ របៀប​ដែល​អ្នក​រស់​នៅ ឥរិយាបថ របៀប​ធ្វើ​ការ​របស់​អ្នក​ និង​ការ​រាប់​អាន​មនុស្ស​របស់​អ្នក​ទៅ​វិញ​ទេ។ ដូច្នេះ​ អ្នក​មិន​គួរ​ផ្ដោត​តែ​លើ​ការ​តុប​តែង​ខ្លួន និង​របស់​ក្រៅ​ខ្លួន​តែ​មួយ​មុខ​ឡើយ សំខាន់​ត្រូវ​ចេះ​រៀប​ជីវិត​ឱ្យ​បាន​ថ្លៃ​ថ្នូរ និង​ចរិយា​មារយាទ​ឱ្យ​បាន​សម​សួន​។

១០- កុំ​បំបាក់​មុខ​ប្ដី​នៅ​ចំពោះ​អ្នក​ដទៃ មិន​ថា​មហា​ជន មិត្តភ័ក្ដិ ឬ​ក្រុម​គ្រួសារ​ឡើយ ទោះ​បី​មាន​កំហុស​យ៉ាង​ណា។ ត្រូវ​ចេះ​រម្ងាប់​អារម្មណ៍ ទុក​មុខ​ឱ្យ​ប្ដី សឹម​យក​មក​ដោះ​ស្រាយ​គ្នា​នៅ​ផ្ទះ៕

Be the first to comment on "មនុស្សស្រីសម័យទំនើប បើធ្វើបាន ១០ចំណុចនេះ គ្មានអ្នកណាហ៊ានមើលងាយឡើយ"

Leave a comment

Your email address will not be published.


*