សញ្ញា​ទាំង​ ៩ បញ្ជាក់​ថា​មិត្ត​អ្នក​ច្រណែន​ ព្រោះ​​ឃើញ​អ្នក​ល្អ​ជាង​

ការ​ច្រណែន​​ គឺ​ជា​​អ្វី​ដែល​មនុស្ស​យើង​គួរ​តែ​បោះ​បង់​ចោល ព្រោះ​វា​គ្មាន​បាន​អ្វី​មក​វិញ​​ក្រៅ​ពី​​ភាព​មួម៉ៅ​ក្តៅ​​ក្រហាយ​ក្នុង​ចិត្ត​នោះ​ទេ។ បើ​ឃើញ​គេ​​ល្អ​ជាង​ គួរ​​កោត​ស្ញប់​ស្ញែង​​ ខិត​ខំ​​ប្រឹងប្រែង​​ឲ្យ​បាន​ដូច​គេ។ យ៉ាង​ណា​មិញ​ បើ​​មាន​អ្នក​ដទៃ​​មក​ច្រណែន​ អ្នក​មិន​សូវ​​ជា​ខ្វល់​ប៉ុន្មាន​ទេ ប៉ុន្តែ​​សូម្បី​តែ​មិត្តភ័ក្ដិ​ខ្លួន​ឯង​ក៏​អីចឹង​ដែរ អ្នក​ច្បាស់​ជា​​​ហួស​​ចិត្ត។ ខាង​ក្រោម​នេះ​​ជា​ សញ្ញា​ទាំង​ ៩ ដែល​អាច​បញ្ជាក់​យ៉ាង​ច្បាស់ថា ​មិត្តភ័ក្ដិ​អ្នក​ក៏​ស្ថិត​ក្នុង​ប្រភេទ​នោះ​ដែរ៖

១. ចូល​ចិត្ត​និយាយ​​ថា “អយុត្តិធម៌”

មិន​ថា​ពិន្ទុ​នៅ​ក្នុង​ថ្នាក់ ការ​ងារ ​ស្នេហា ឬ​របស់​ដែល​​អ្នក​ប្រើប្រាស់ គេ​​​តែង​និយាយ​ថា​​ ហេតុ​អ្វី​កើត​មក​អយុត្តិធម៌ម្ល៉េះ មិន​មាន​អ្វី​ដូចដែល​អ្ន​កកំពុង​តែ​មាន​សព្វថ្ងៃនេះសោះ? ពួក​គេ​ចូល​ចិត្ត​បន្ទោស​នេះ​បន្ទោស​នោះ នៅ​ពេល​គេ​មិន​អាច​ទទួល​បាន​ នូវ​អ្វី​ដែល​អ្នក​​ទទួល​បាន។
២. តែង​តែ​ចង់​ប្រកួត​​​ប្រជែង​ជា​មួយ​អ្នក

​​បើ​​ក្នុង​ការ​រៀន​សូត្រ​មិន​សូវ​អី​ប៉ុន្មាន​ទេ ប៉ុន្តែ​​បើ​​ចង់​ប្រកួត​ប្រជែង​គ្រប់​រឿង សូម្បី​តែ​ការ​ស្លៀក​ពាក់ ការ​តុប​តែង​ខ្លូន ខ្លាច​ចាញ់​ឈ្នះ​គ្នា​ដែរ​នោះ​ ច្បាស់​ណាស់​គេ​​ពិត​ជា​មាន​ចិត្ត​ច្រណែន។

៣. មាន​គំនិត​អវិជ្ជមាន​

ឧទាហរណ៍​ថា អ្នក​បាន​​សម្ភាសន៍​ជាប់​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​មួយ នៅ​ពេល​​ប្រាប់​មិត្ត​​ហើយ បែរ​ជា​និយាយ​​ថា ក្រុមហ៊ុន​មួយ​នោះ​មិន​​សូវ​ល្បី​ ប្រហែល​ជា​គ្មាន​អ្នក​ដាក់​ច្រើន​ ទើប​ឯង​ជាប់។ និយាយ​រួម​ទៅ​គឺ​គេ​តែង​មាន​​គំនិត​អវិជ្ជមាន​ ​ចំពោះ​ភាព​​ជោគជ័យ​របស់​អ្នក។

៤. ​មិន​សរសើរ​អ្នក ប៉ុន្តែ​និយាយ​អួត​ខ្លួនឯង

​ធ្វើ​​ម៉េច​គេ​​នឹង​មក​សរសើរ​អ្នក ព្រោះ​​ខ្លាច​ធ្វើ​ឲ្យ​ខ្លួន​គេ​​មើល​ទៅ​អន់​ជាង​អ្នក​នោះ​អី។ មិន​​សរសើរ​ក៏​ហី​ចុះ ប៉ុន្តែ​​ថែម​ទាំង​មក​អួត​ថា គេ​​​ធ្លាប់​ធ្វើ​បាន​ល្អ​លើស​ហ្នឹងទៅ​ទៀត។

៥. មិន​គោរព​ការ​សម្រេច​ចិត្ត​របស់​​អ្នក

ឧទាហរណ៍​ថា ពេល​អ្នក​​​សម្រេច​​ចិត្ត​ ត្រូវ​ទៅ​លេង​នៅ​​​​ប្រទេស​ដែល​អ្នក​គិត​ប៉ង​​ប្រាថ្នា ​យូរ​មក​​ហើយ​នោះ ស្រាប់​តែ​​មិត្ត​អ្នក​បាន​ឮ មិន​ជួយ​ត្រេក​អរ​ហើយ ថែម​ទាំង​និយាយ​រិះ​គន់​ពី​ប្រទេស​នោះ​ទៀត។
៦. ងប់ងុល​នឹង​តំណែង​តួនាទី

ភាព​​ច្រណែន​ឈ្នានីស​គ្នា តែង​តែ​កើត​ចេញ​ពី ឋានៈ មុខ​តំណែង​ តួនាទី​នេះ​ឯង។ បើ​​មិត្ត​អ្នក​ជា​មនុស្ស​ពូកែ​​ច្រណែន​ គេ​​ច្បាស់​ជា​ព្រួយ​បារម្ភ ខ្លាច​​អ្នក​​បាន​​តំណែង​លើស​គេ ឬ​ពេល​ដែល​អ្នក​បាន​ហើយ គេ​ក៏​នៅ​មិន​សុខ​ក្នុង​ចិត្ត​ដូច​គ្នា។

៧. ធ្វើ​ពុទ្ធ​ជា​សប្បាយ ពេល​អ្នក​ប្រាប់​ដំណឹង​ល្អ

​​​​​​មាន​ដែល​ចាប់​អារម្មណ៍​អត់​ថា ពេល​ដែល​អ្នក​មាន​ដំណឹង​ល្អ​មក​ប្រាប់ មិត្ត​អ្នក​មាន​​ភាព​​​ត្រេក​អរ​ រួម​នឹង​ស្នាម​ញញឹម​មួយ ​ដែល​មើល​ទៅ​ដូច​ជា​មិន​ចេញ​ពី​ចិត្ត​ពិត​ទាល់​តែ​​សោះ។ នេះ​មក​ពី​គេ​​មាន​គំនិត​ថា ដំណឹង​ល្អ​របស់​អ្នក​ មិន​មែន​ជា​ក្តី​សុខ​របស់​គេ។

៨. មិន​លើក​ទឹក​ចិត្ត

ពេល​ដែល​អ្នក​ធ្វើ​អ្វី​មួយ​មិន​បាន​ដូច​បំណង គេ​មិន​ជួយ​លើក​​ទឹក​ចិត្ត​ទេ បែរ​ជា​សួរ​​ពី​ហេតុ​ផល​ដែល​អ្នក​ធ្វើ​​មិន​បាន​ទៅ​វិញ។

៩. មិន​គាំ​ទ្រ

មិន​មែន​​​ត្រឹម​តែ​មិន​ជួយ​លើក​ទឹក​ចិត្ត​ទេ​ ថែម​ទាំង​​មិន​គាំ​ទ្រ​ ពេល​ដែល​អ្នក​មាន​គម្រោង​ចង់​​ធ្វើ​អ្វី​មួយ ព្រោះ​ខ្លាច​អ្នក​ទទួល​ជោគជ័យ​ច្រើនជាង​​គេ។​​ ​​​​​

Be the first to comment on "សញ្ញា​ទាំង​ ៩ បញ្ជាក់​ថា​មិត្ត​អ្នក​ច្រណែន​ ព្រោះ​​ឃើញ​អ្នក​ល្អ​ជាង​"

Leave a comment

Your email address will not be published.


*